ព័ត៌មានជាតិ

ទំនាស់ដីផ្នូរបញ្ចុះសពដ៏រាំរ៉ៃមួយកន្លែង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានដោះស្រាយបញ្ចប់រឿង

(កំពង់ឆ្នាំង)៖ករណីវិវាទទីតាំងដីផ្នូរបញ្ចុះសពមួយកន្លែង ស្ថិតនៅចំណុចទួលតាជា ក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាករណីដ៏ចម្រូងចម្រាស់ និងបានប្ដឹងផ្ដល់គ្នាទៅតុលាការជាច្រើនឆ្នាំកន្លងមកហើយនោះ ពេលនេះត្រូវបានសម្រប សម្រួលដោះស្រាយបញ្ចប់រឿង តាមអំណាចសាលដីការបស់តុលាការឧទ្ធរណ៍ និងតុលាការកំពូល កាលពីព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៤នេះ ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

លោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកបានដឹកនាំអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះធ្វើការសម្របសម្រួលនិងអនុវត្តសាលដីការដ្ឋប្បវេណីលេខ១៥ (ក្រIII ច)ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣របស់សាលាឧទ្ធរណ៍ភ្នំពេញ និងដីកាសម្រេចលេខ១៩៩ ដ.ស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ របស់តុលាការកំពូល នៅសាលាស្រុ កបរិបូណ៌ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ព្រឹកមិញនេះ លោកបានប្រាប់អោយដឹងថា: ដើម្បីអនុវត្តប្រកបដោយសន្តិវិធី ដោយមិនមានការបង្ខិតបង្ខំ និងមិនចង់ឱ្យមានភាគីណាម្នាក់ជួបផលលំបាកក្នុងការអនុវត្តនីតិវិធីដោយបង្ខំខាងលើនេះ លោកក៏បានកោះហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួលគ្នាដើម្បីរកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបានទាំងសងខាង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បន្ទាប់ពីលោកបានអាននៅសាលដីការរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងអានដីកាសម្រេចរបស់តុលាការកំពូលរួចមក លោកនិងក្រុមការងារក៏បានធ្វើការសម្រប សម្រួលដល់ភាគីទាំងសងខាងបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យមានការ ព្រមព្រៀងគ្នាដោយសន្តិវិធី។បន្ទាប់មកទើបភាគីកូន បំណុលម្ចាស់ផ្នូរយល់ព្រមឱ្យគាស់ផ្នូរបញ្ចុះសពចេញដើម្បីយកទៅទុកដាក់នៅ កន្លែងផ្សេង។ចំណែកភាគីម្ចាស់បំណុលដំបូងឡើយគឺបានធានាជួយឧបត្ថម្ភទីតាំងដីសម្រាប់បញ្ចុះសពមួយកន្លែង និងជួយជាកម្លាំងគាស់កកាយផ្នូរសពជូនក្រុមគ្រួសារម្ចាស់ផ្នូរឱ្យបានសមរម្យផងដែរ តែចុងក្រោយភាគីខាងកូនបំណុលគេនិងយកសពដែលគាស់ចេញពីទីតាំងបញ្ចុះសពខាងលើនេះយកទៅរៀបចំទុកដាក់ក្នុងដីផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារគេវិញដោយមិនទទួលយកដីដែលភាគីដើមបណ្ដឹងឱ្យនោះទេ។ចំណែកកូនបំណុលទាំងអស់ដែលមានឈ្មោះ៣នាក់គឺមកចូលរួមដោះស្រាយនិងសម្របសម្រួលតែម្នាក់ប៉ុណ្ណោះ គឺជាកូនបង្កើតរបស់សពដែលបានយល់ព្រមទទួលយកការសម្របសម្រួលដូចខាងលើនេះ។

ការចុះអនុវត្តសាលដីការប្រកបដោយភាពស្រុះស្រួលគ្នានឹងដោយសន្តិវិធីដែលបានប្រព្រឹត្តទៅបានយ៉ាងរលូន ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារង និងអាជ្ញាធរពាក់ព័ន្ធខាងលើនេះគឺមានការគាំទ្រ និងលើកទឹកចិត្តកោតសរសើរ យ៉ាងស្មោះស្ម័គ្រពីមន្ត្រីរាជការនិងប្រជាពលរដ្ឋ ដែលនេះគឺជាគំរូដ៏ល្អសម្រាប់ការអនុវត្តសាលដីកាប្រកប ដោយសន្តិវិធីនិងព្រមព្រៀងគ្នាដោយមិនមានការបង្ខិតបង្ខំឡើយ៕

tnr

Leave a Reply

Your email address will not be published.