(កំពង់ឆ្នាំង)៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់ប្រជាពលរដ្ឋជាង៣.០០០ប័ណ្ណក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងពិធីខាងលើនេះផងដែរដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់,លោក- លោកស្រី ប្រតិភូអមដំណើរ, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ,លោក-លោកស្រីក្រុមប្រឹក្សាខេត្ត,លោក-លោកស្រី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត,ក្រុង-ស្រុក រួមទាំងប្រជាពលរដ្ឋសរុបជាង៤ពាន់នាក់។
នៅក្នុងពិធីខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងឱ្យដឹងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលដែលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្ដល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង,និងក៏មានវត្តមានដ៏ឧត្តុងឧត្តមរបស់លោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលលោកទាំង២បានអញ្ជើញជាអធិបតីនៅក្នុងពិធីនេះប្រកបទៅដោយមហាកិត្តិយសយ៉ាងក្រៃលែង។
លោកអភិបាលខេត្តបានមានប្រសាសន៍លើកឡើងបន្តទៀតថា ថ្ងៃនេះប្រជាពលរដ្ឋអញ្ជើញមកពី៤ក្រុង -ស្រុក ក្នុងនោះមាន៖១-ក្រុងកំពង់ ឆ្នាំង,២- ស្រុកជលគីរី,៣- ស្រុកទឹកផុស,និង ៤-ស្រុកបរិបូរណ៍,ដែលមានចំនួន៣. ៦៦៦ប័ណ្ណ។
ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្តក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ប្រមុខថ្នាក់ដឹកនាំដែលបានធ្វើការប្ដេជ្ញាដោយឆន្ទៈមនសិការរួមសុខ រួមទុក្ខនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសឲ្យឈានទៅមុខជាជំហានៗបង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសា ស្ត្រយ៉ាងច្រើនជូនជាតិមាតុភូមិក្នុងបុព្វហេតុកសាងនិងការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងការពាររាល់សមិទ្ធផល នៃសង្គមជាតិហើយកំពុងស្ថិតនៅក្នុងជំហានថ្មីដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ប្រជាជនកម្ពុជាគ្រប់ៗរូប ទោះបីធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ឬស្រទាប់យុវវ័យដែលមិនធ្លាប់បានឆ្លងកាត់របបដ៏ឃោរឃៅនេះក្តីសុទ្ធតែទទួលបាននូវមនុញ្ញផលនៃជ័យជំនះ៧មករា និងដំណើររីកចម្រើនរបស់សង្គមជាតិយើងទាំងអស់គ្នា។ ជាក់ស្ដែងការប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់ចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ចំនួន៣.៦៦៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៤ក្រុង-ស្រុក នាថ្ងៃនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅការបង្កើនសុវត្ថិភាពលើការកាន់កាប់ក្នុងការប្រើប្រាស់ដីធ្លីនិងសិទ្ធិសេរីភាពក្នុងការអ ភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផ្អែកលើប័ណ្ណកម្មសិទ្ធិដែលបងប្អូនយើងទទួលបាននាពេលនេះ។
មានប្រសាសន៍នៅក្នុងឱកាសនោះសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំងបានពាំ នាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះរាជហឫទ័យនឹករលឹកយ៉ាងជ្រាលជ្រៅអំពីព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ព្រមទាំងសេចក្តីនឹករលឹកសាកសួរសុខទុក្ខអំពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
សម្ដេច មហាមន្ត្រី ក៏បានសំដែងនូវអំណរអរគុណយ៉ាងជាជ្រៅចំពោះលោកបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានចាត់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងមន្ត្រីរបស់ក្រសួងចុះយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ហើយបានបញ្ចប់យុទ្ធនាការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធថ្មីៗកន្លងទៅនេះ ។
សម្ដេចមហាមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ការប្រគល់ប័ណ្ណកម្មសិទ្ធិ គឺជាការផ្ដល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់បង្កើនតម្លៃដីធ្លីនិងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ។ការចុះបញ្ជីដីធ្លីមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដីគឺលើកស្ទួយកម្រិតជីវភាពរស់នៅកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីទទួលបាននៅសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋដែលអាចធ្វើការបង្ករបង្កើតផលឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភហើយអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរឬអាជីវកម្មរបស់ខ្លួនផងដែរ៕