ក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនកុមារនៅក្នុងមណ្ឌលកុមារកំព្រាក្នុងខេត្ត នៃថ្ងៃគម្រប់ខួប៤៥ឆ្នាំក្នុងការបង្កើតសមាគមនារីអភិវ ឌ្ឍន៍កម្ពុជា
(កំពង់ឆ្នាំង)៖នៅក្នុងរយៈពេល៤៥ឆ្នាំនៃការបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣នេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃសមាគម នារីអភិវឌ្ឍកម្ពុជា បានដឹកនាំក្រុមការងារអញ្ជើញចុះមកសួរសុខទុក និងផ្ដល់អំណោយជូនកុមារ និងអ្នកគ្រូនៅក្នុងមណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំង។កម្មវិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រីជាភរិយា រួមនិងលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំ ពង់ឆ្នាំងលោកស្រី ប៊ន សុភី អភិបាលរងខេត្តនិង មន្ត្រីរាជ ការមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួនចូលអញ្ជើញចូលរួមផងដែរ។
លោកស្រី ជូ ប៊ុនអេង នៅក្នុងកម្មវិធីនេះ បានថ្លែងទៅកាន់ក្មួយៗនិងចៅ ៗជាកុមារកំព្រាថា មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំងមានតាំងពីឆ្នាំ១៩៧៩ដោយមានកុមារកំព្រារាប់រយនាក់ស្នាក់នៅជាបន្តបន្ទាប់ក្រោមការឧបត្ថម្ភពីអាជ្ញាធរនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងថ្ងៃខួប៤៥ឆ្នាំថ្ងៃបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជាថ្ងៃនេះក្នុងនាមសមាគមនារីកម្ពុជា លោកស្រីសូមផ្ដាំផ្ញើដល់ក្មួយៗចៅៗជាកុមារកំព្រាទាំងអស់សូមកុំគិតពីអតីតកាលរបស់ខ្លួន ដោយត្រូវប្រមូលផ្ដុំគំនិតបាញ់ឆ្ពោះក្នុងការរៀនសូត្រយកតម្រិះវិជ្ជាយកបច្ចេកទេសមុខជំនាញដើម្បីកសាងអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីនេះដែរលោកបានប្រកាសជួយឧបត្ថម្ភលើរបបចាស់ចំពោះកុមារកំព្រាតែបច្ចុប្បន្នមានចំនួន១៨នាក់និងអ្នកគ្រូ៣នាក់ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ១០ម៉ឺនរៀល និងអង្ករក្នុងមួយខែ៣០០គីឡូ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា:ទាក់ទងនឹងការរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាលោកអាចនឹងជួយផ្ដល់អាហាររូបករណ៍ដល់កុមារកំព្រាដែលបានប្រឡងចូលឧត្តមសិក្សានិងក៏មានអាហារូបករណ៍រៀននៅប្រទេសវៀតណាមផងដែរ ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រ។ លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អ្នកគ្រូទទួលបន្ទុកថែទាំកុមារកំព្រាក្នុងខេត្តផងដែរថា សូមអ្នកគ្រូរៀបចំកម្មវិធីជូនកុមារកំព្រាដើរទស្សនកិច្ចសិក្សាតាមបណ្ដាខេត្តនានាយ៉ាងហោ ចណាស់ក្នុងមួយឆ្នាំក៏បាន៣ដងយ៉ាងតិច ដោយការចំ ណាយទាំងអស់និងមធ្យោបាយធ្វើដំណើរ រដ្ឋបាលខេត្តជាអ្នករ៉ាប់រងឧបត្ថម្ភជូន។ចំពោះសន្តិសុខនៅក្នុងមណ្ឌលកុមារកំព្រាលោកនិងណែនាំដល់លោកអភិបាលក្រុងកំព់ង់ឆ្នាំងចាត់តាំងឲ្យមានសន្តិសុខយាមកាមការពារសុវត្ថិភាពនៅក្នុងមណ្ឌលកុមារមិនឲ្យកើតមានបញ្ហាអ្វីទៀតនោះឡើយ។
នៅក្នុងពិធីនេះដែរលោកអភិបាលខេត្ត និងក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជាក៏បានឧបត្ថម្ភអាហារសម្រន់ដល់កុមារកំព្រាទាំង១៨នាក់ និងឧបត្ថម្ភថវិកាក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល អ្នកគ្រូ៣នាក់ម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល។
លោកស្រី ជូ ប៊ុនអេង បានឧបត្ថម្ភថវិកាចំនួន១លានរៀល លោកស្រី កែ ច័ន្ទមុន្នី ឧបត្ថម្ភថវិកា៥០ម៉ឺនរៀល លោកស្រី ប៊ន សុភី ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល។ក្នុងកម្មវិធីនេះក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជានិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានឧបត្ថម្ភអង្ករទឹកសុទ្ធ ត្រីខ ទឹកត្រី មួយ ចំនួនធំដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕