ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំដែលបានចុះជួយដោះស្រាយនូវគ្រប់មធ្យោបាយក្នុងការ សង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកស្រោចស្រព

(កំពង់ឆ្នាំង)លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះបានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំនិងមន្ទីរពាក់ ព័ន្ធចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យជួយសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២៣០ហិកតានៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងត្រូវការទឹកជាចាំបាច់ដើម្បីស្រោចស្រព។

លោក ម៉ែន នួន មេឃុំស្វាយជ្រុំនៅព្រឹកថ្ងៃទី០៥ ខែមករានេះបានឲ្យដឹងថា: ស្រែប្រាំងនៅតំបន់ទំនប់២០ឧសភាស្ថិតក្នុងឃុំស្វាយជ្រុំនេះមានចំនួន២៣០ហិកតា ស្ថិតនៅក្នុងភូមិថ្មកែវ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំកំពុងខ្វះខាតទឹកស្រោចស្រពក្នុងនោះស្រែប្រជាពលរដ្ឋ ចំនួន៨០ហិកតា បើមានទឹកគ្រប់គ្រាន់ប្រហែលជាជាង១០ថ្ងៃទៀត នឹងបានប្រមូលផលហើយ។
ជាមួយគ្នានេះដែរបើមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់ម៉ាស៊ីនបូមទឹកឲ្យបានជាង២០ថ្ងៃទៀតនោះយើងនឹងសង្គ្រោះស្រូវប្រាំងដែលមានចំនួន២៣០ហិកតាខាងលើនេះបានជាស្ថាពរផងដែរ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ក្នុងពេលចុះត្រួតពិនិត្យការបូមទឹកបញ្ចូលស្រែប្រាំងនៅតំបន់ខាងលើនេះបានឲ្យដឹងថា: ដំណាំស្រូវប្រាំងក្នុងតំបន់នេះមិនទាន់មានការខូចខាតធ្ងន់ធ្ងរនៅឡើយទេ ដោយយើងអាចបូមទឹកពីទំនប់២០ឧសភាដាក់មកតាមប្រឡាយមេនិងបូមបន្តអាចជួយសង្គ្រោះបានទាន់ពេលវេលា។ដូច្នេះការបូមទឹកដាក់ចូលក្នុងប្រឡាយមេខាងលើនេះ ជាង១០ថ្ងៃទៀត អាចនឹងសង្គ្រោះស្រែប្រាំងនៅចំណុចនេះបានទាំងអស់។

ដោយឡែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងទៀតថា: នៅក្នុងរដូវប្រាំងឆ្នាំ២០២៣និង២០២៤នេះ ស្រែប្រាំងដែលខ្វះខាតទឹកនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៌ និងស្រុកកំពង់លែងមានជាង១.០០០ហិកតា។មកដល់ពេលនេះអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធបានជួយស ង្គ្រោះជាបន្តបន្ទាប់បានសរុបចំនួនប្រមសណជា១.០០០ហិកតាហើយ នៅសេសសល់បន្តិចបន្តួចដែលកំពុងធ្វើការជួយសង្គ្រោះបន។លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា: ថ្ងៃនេះមន្ទីរធនធានទឹកខេត្ត បានជួយឧបត្ថម្ភប្រេងម៉ាស៊ូតដល់អាជ្ញាធរឃុំស្វាយជ្រុំ ចំនួន៣០០លីត្រ និងមន្ទីរកសិកម្មខេត្តឧបត្ថម្ភប្រេងចំនួន១០០លីត្រ។ចំណែកលោកអភិបាលខេត្តកំពង់ឆ្នាំង នឹងជួយឧបត្ថម្ភប្រេងចំនួន៤០០លីត្រផងដែរ ដើម្បីប្រើប្រាស់ក្នុងការបូមទឹកពីទំនប់២០ឧសភា សម្រាប់សង្គ្រោះស្រែប្រាំងចំនួន២៣ ០ហិកតាដែលកំពុងត្រូវការទឹកស្រោចស្រព្យរយៈពេលពេញមួយខែទៀត។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ខណៈដែលលោកបានចុះពិនិត្យការបូមទឹកសង្គ្រោះស្រែប្រាំងជាមួយលោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន នៅទំនប់២០ឧសភានាព្រឹកមិញនេះ លោកក៏បានសំណូមពរផងដែរ ដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឲ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរប ស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកឲ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន បើមានការខ្វះខាតទាំងសម្ភារៈឬប្រេងឥន្ធនៈផ្សេងៗត្រូវសហការជាបន្ទាន់ជាមួយរដ្ឋបាលខេត្ត។

នាឱកាសនោះដែរ រដ្ឋបាលឃុំស្វាយជ្រុំ និងប្រជាកសិករក្នុងឃុំសូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់លោកបណ្ឌិត សុភាចារ្យ អ៊ុក រ៉ាប៊ុន លោកអភិបាលខេត្ត អាជ្ញាធរស្រុករលាប្អៀរ លោកប្រធាន មន្ទីរ ធនធានទឹក និងលោកប្រធានមន្ទីរកសិកម្មខេត្ត ដែលបានចុះពិនិត្យដល់មូលដ្ឋាននិងបានជួយឧបត្ថម្ភប្រេងសម្រាប់ចាក់ម៉ាស៊ីន បូមទឹកដើម្បីបន្តសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកក្នុងរយៈពេលមួយខែទៅមុខទៀត៕

tnr

Leave a Reply

Your email address will not be published.