ព័ត៌មានជាតិ

លោកអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងដីព្រៃលិចទឹកមួយកន្លែងជាដីអតីតឡូនេសាទលេខ១៤ស្ថិតក្នុងឃុំពាមឆ្កោកស្រុកជលគីរី ដែលត្រូវបានគេកាប់ឆ្ការ និងដុតបំផ្លាញដើម្បីយកដីបម្រើប្រយោជន៍ផ្សេងៗ

(កំពង់ឆ្នាំង)៖លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះបានដឹកនាំក្រុមការងារចម្រុះមានអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងថ្នាក់មូលដ្ឋាននឹងមន្ត្រីជំនាញរួមទាំងកងកម្លាំងប្រដាប់អាវុធចុះពិនិត្យទីតាំងដីព្រៃមួយកន្លែងជាដីព្រៃអតីតឡូនេសាទលេខ១៤ ស្ថិតនៅក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ជាប់ព្រំប្រទល់និងភូមិពាមពពិច ឃុំកោះថ្កូវ ស្រុកជល់គីរី ដែលត្រូវបានគេកាប់ឆ្កានិងដុតបំផ្លាញយកដីបម្រើដល់ផលប្រយោជន៍ផ្សេងៗដោយពុំមានច្បាប់អនុញ្ញាត។

ក្រោយពីមានការចុះផ្សាយពីបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ពីរមួយកន្លែងស្ថិតក្នុងអតីតឡូនេសាទលេខ១៤ ក្នុងភូមិសាស្ត្រទីតាំងខាងលើនេះ និងដោយលោក អភិបាលខេត្ត ពុំមានការជឿជាក់ទៅលើរបាយការណ៍របស់ក្រុមចម្រុះ ដែលបានចុះមកពិនិត្យការកាប់ឆ្ការនិងដុតបំផ្លាញព្រៃលិចទឹកនៅទីតាំងខាងលើនេះកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ ដែលដឹកនាំដោយលោក ដូវ គឹមស៊ីង អភិបាល ស្រុកជលគីរី ដោយក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ពុំមានការកាប់ឆ្កា និងដុតបំផ្លាញដីព្រៃដែលមានទំហំធំដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយគឺមានតែប្រជាពលរដ្ឋកាប់ឆ្កាបន្លាយួនបន្តិចបន្តួចនៅជុំវិញខ្ទមរបស់គាត់តែប៉ុណ្ណោះ។

បន្ទាប់ពីលោក អភិបាលខេត្ត បានពិនិត្យក្នុងរបាយការណ៍របស់លោក អភិបាល ស្រុកជល់គីរី ឃើញមានការខុសគ្នាឆ្ងាយទាំងទំហំនៃការកាប់ទន្ទ្រាន និងរូបភាពព្រៃឈើធំៗដែលត្រូវបានគេកាប់និងដុតបំផ្លាញមិនដូចនៅក្នុងព័ត៌មានចុះ ផ្សាយលោក អភិបាលខេត្ត ចង់ឃើញទិដ្ឋភាពជាក់ស្ដែងលោកក៏បានដឹកនាំក្រុមការងារចម្រុះ ដោយបានរួមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត លោកអនុប្រធានមន្ទីរកសិកម្មខេត្ត លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត លោកអភិបាលស្រុកជលគីរី លោកអភិបាល ស្រុករលាប្អៀរ អាជ្ញាធរភូមិ ឃុំ និងកងកម្លាំងប្រដាប់អាវុធសរុបប្រមាណជិត៣០នាក់បានចុះពិនិត្យទីតាំងដីព្រៃលិចទឹកស្ថិតក្នុងអតីតឡូនេសាទលេខ១៤ ដែលត្រូវបានគេកាប់ឆ្កានិងដុតបំផ្លាញខាងលើនេះដោយផ្ទាល់។នឹងបានពិនិត្យឃើញជាក់ស្ដែងទៅលើទីតាំង២ កន្លែងក្នុងចំណោ មទីតាំង៤កន្លែងដែលត្រូវបានគេកាប់ឆ្កានិងដុតបំផ្លាញចោល។ ខណៈនោះដែរក្រុមចំរុះដែលដឹកនាំដោយលោក អភិបាលខេត្ត រកឃើញថា ដីព្រៃខាងលើនេះពិតជាត្រូវបានគេកាប់ទន្ទ្រាននិងដុតបំផ្លាញចោលទាំងការកាប់ទន្ទ្រានថ្មីៗទាំងចាស់អស់ជាច្រើនពិតប្រាកដមែន។

ពាក់ព័ន្ធនិងដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខាងលើនេះលោក ឃឿន មេភូមិភ្លង ក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះឲ្យដឹងថា: ដីនៅក្នុងតំបន់នេះគឺជាដីព្រៃស្ថិតក្នុងអតីតឡូនេសាទលេខ១៤ពិតប្រាកដមែនដីក្នុងដែនអតីតឡូនេសាទលេខ១៤នេះដែរ កាលពីដើមឡើយមានទំហំរហូតដល់ជិត៧០០ហិកតា បើមើលនៅក្នុងផែនទី តែក្រោយមកត្រូវបានប្រជាពលរដ្ឋកាប់ឆ្កាវាតយកដីធ្វើស្រែប្រាំងជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននៅសល់ប្រមាណតែជាង១០ ហិកតាតែប៉ុណ្ណោះ។ចំពោះទីតាំងដីព្រៃលិចទឹកខាងនេះដែរ បច្ចុប្បន្នក៏នៅក្នុងការគ្រប់ គ្រងរបស់ភូមិភ្លង ឃុំពាមឆ្កោក ស្រុកជល់គីរី។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: បើតាមការណែ នាំរបស់លោកអភិបាលខេត្ត ដែលបានណែនាំដល់រូបលោកនិងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃម្សិល មិញនេះ គឺដីព្រៃលិចទឹកដែលគេកំពុងកាប់ឆ្កា និងដុត ដើម្បីយកដីបម្រើដល់ផលប្រយោជន៍របស់គេខាងលើនេះចាប់ ពីថ្ងៃនេះទៅ និងមិនអនុញ្ញាតឱ្យមានការកាប់ឆ្កាឬដុតបំផ្លាញចោលដូចនេះទៀតនោះឡើយ។បើចង់កាប់ឆ្កា ឬដុតជាបន្តទៀតត្រូវតែធ្វើលិខិតស្នើសុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាពិសេសត្រូវតែមានការចុះពិនិត្យឲ្យបានច្បាស់លាស់ពីមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធរួមនិងអាជ្ញាធរមូលដ្ឋានអត់បានច្បាស់ លាស់ជាមុនសិន ទើបដាក់លិខិតស្នើសុំទៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទជាអ្នកសម្រេច ទើបអាចធ្វើបាន។

ជុំវិញករណីការកាប់ឆ្កានិងដុតបំផ្លាញដីព្រៃលិចទឹក ដែលជាដីព្រៃអតីតឡូនេសាទលេខ១៤ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី ខាងលើនេះលោក អភិបាលខេត្ត ក៏បានផ្ដល់បទសម្ភាសន៍នៅលើទីតាំងព្រៃលិចទឹកខាងលើនេះឲ្យដឹងដែរថា:ដីនេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញដីនេះស្ថិតនៅក្នុងតំបន់ពីរតែជាដីប្រភេទអ្វីនោះលោកពុំទាន់ដឹងច្បាស់នោះទេនៅពេលត្រឡប់ទៅវិញលោកនឹងធ្វើការផ្ទៀងផ្ទាត់ដីនេះនៅលើផែនទីជាមួយនឹងមន្ត្រីជំនាញសិន ទើបអាចដឹងបានថា ជាប្រភេទដីអ្វីឱ្យច្បាស់លាស់។លោកអភិបាល បានបញ្ជាក់ទៀតថា បើទោះជាដីនេះជាប្រភេទដីអ្វីក៏ដោយការកាប់ឆ្ការការដុតដើម្បីយកដីបម្រើផលប្រយោជន៍ផ្សេងៗត្រូវតែសុំច្បាប់អនុញ្ញាតពីមន្ត្រីពាក់ព័ន្ធឬអាជ្ញាធរ ចំណែកការសុំច្បាប់អនុញ្ញាតគឺអាស្រ័យទៅលើទីតាំងដីជាក់ស្ដែង តើទីតាំងណាដែលអាចស្នើសុំត្រឹមអាជ្ញាធរឃុំ ទីតាំងណាដែលត្រូវស្នើសុំទៅដល់អាជ្ញាធរស្រុក និងខេត្តនិងទីតាំងណា ដែលត្រូវស្នើសុំទៅក្រសួងពាក់ព័ន្ធមិនអាច ចេះតែធ្វើបានតាមតែអំពើចិត្តនោះបានទេ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា: នៅក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូណ៌ គឺសម្តេតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យអនុញ្ញាតឲ្យកាត់ឆ្វៀលដីពីតំបន់២ មកជាតំបន់១ដែលនៅក្នុងខេត្តកំពង់ឆ្នាំង មានផ្ទៃដីដែលត្រូវកាត់ឆ្វៀលរហូតទៅដល់ចំនួន៤.៦០០០ហិកតា ដែលមានប្រជាពលរដ្ឋចំនួន៦.៥០០០គ្រួសារដែលទទួលបានអត្ថប្រយោជន៍ពីការកាត់ឆ្វៀលដីជូនពួកគាត់ធ្វើជាកម្មសិទ្ធិស្របច្បាប់។ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏សុំសំណូមពរដល់ប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ជាប្រយោជន៍ដែលជាការសាងសង់លំនៅឋានឬការកាប់ ឆ្ការដីព្រៃនៅលើដីតំបន់ពីររបស់ខ្លួន សូមរង់ចាំការកាត់ឆ្វៀលពីអាជ្ញាធរជូនជាផ្លូវការសិនព្រោះពេលនេះអនុក្រឹត្យបានចេញរួចហើយនិងចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ៕

tnr

Leave a Reply

Your email address will not be published.