ព័ត៌មានជាតិ

ពលរដ្ឋក្នុងស្រុករលាប្អៀររខេត្តកំពង់ឆ្នាំងដែលប្រកបមុខរបរធ្វើស្រែប្រាំងកំពុងមមាញឹកសម្រុកបង្កបង្កើនផលស្រូវប្រាំងដោយសារស្រូវមានតម្លៃខ្ពស់

(កំពង់ឆ្នាំង)៖ដោយសារតែបច្ចុប្បន្ននេះទាំងស្រូវវស្សានិងស្រូវប្រាំងកំពុងមានតម្លៃខ្ពស់ធ្វើឱ្យប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង មានទឹកចិត្តក្នុងការបង្ករបង្កើនផលស្រូវទាំងស្រូវប្រាំងនិងស្រូវវស្សាយ៉ាងផុលផុសនៅគ្រប់ទីកន្លែង។ដោយឡែកប្រជាកសិកររស់ នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ដែលប្រកបមុខរបរធ្វើស្រែប្រាំងដែរនោះ ពួកគាត់ក៏បាននាំគ្នាសម្រុកចុះភ្ជួររាស់និងសាបព្រួសគ្រប់ក្រុមគ្រួសារផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅដល់វាលស្រែប្រាំងដ៏ធំមួយ ស្ថិតនៅចំណុចបឹងឆ្អឹងដំរីក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។និងបានពិនិត្យឃើញទិដ្ឋភាពជាក់ស្ដែងនៅទីនោះ ឃើញមានប្រជាកសិករជាច្រើនកំពុងញាប់ដៃញាប់ជើងដោយអ្នកខ្លះកំពុងភ្ជួររាស់ដីដើម្បីសាបព្រួសស្រូវ អ្នកខ្លះកំពុងបូមទឹកបញ្ចូលស្រែ ខ្លះទៀតបាននឹងកំពុងបាញ់ថ្នាំកំចាត់សត្វល្អិតក្នុងស្រែ និងប្រជាកសិករខ្លះទៀតកំពុងចាប់ផ្ដើមព្រួសស្រូវជាបណ្ដើរៗផងដែរ។

ដោយឡែកស្រូវស្រែភាគច្រើននៅក្នុងភូមិសាស្ត្រខាងលើនេះ ក៏ឃើញមានសំណាបស្រូវខ្លះដុះលូតលាស់វែងៗពេញស្រែនិងមានពណ៌ខៀវស្រង៉ាត់ដែលធ្វើឲ្យប្រជាកសិកររីករាយចំពោះដំណាំស្រូវរបស់ពួកគាត់ដែលកំពុងលូតលាស់ផងដែរ។ជួបជាមួយប្រជាកសិករម្នាក់ឈ្មោះ មាស ចន្ថា មានទីលំនៅក្នុងភូមិទឹកហូត ឃុំទឹកហូត បងប្រុសបានប្រាប់ឲ្យដឹងថា: បងប្រុសមានស្រែមួយ ខ្ទង់ ដែលមានទំហំប្រមាណជាងកន្លះហិកតា ស្រែរបស់គាត់នេះរាល់ឆ្នាំគឺទទួលបានទិន្នផលជាមធ្យមប្រមាណជា៣តោនក្នុងមួយរដូវ។ទិន្នផលស្រូវទាំងអស់នេះនៅពេលប្រមូលផលម្តងៗគឺបងប្រុសបានលៃទុកសម្រាប់ហូបខ្លះនិងសល់ខ្លះលក់យកប្រាក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។

បងប្រុសបានបញ្ជាក់អោយដឹងទៀតថា: បច្ចុប្បន្ននេះប្រជាកសិកររស់នៅក្នុងមូលដ្ឋានរបស់បងប្រុស គឺមានការសប្បាយចិត្តនិងរីករាយឧបមាដោយសារតែរយៈពេល២ឆ្នាំកន្លងមកនេះទាំងស្រូវ ប្រាំងនិងស្រូវវស្សាបានតម្លៃខ្ពស់ ដែលធ្វើឲ្យប្រជាកសិករមានទឹកចិត្ត និងកម្លាំងចិត្តក្នុងការបង្កបង្កើនផលស្រូវ ចំណែកអ្នកដែលមានស្រែច្រើនគឺគេអាចលក់ចេញបានប្រាក់ច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេឲ្យមានជីវភាពធូរធារមួយកំរិតទៀតផងដែរ។បងប្រុសក៏បានសំណូមពរសុំឱ្យថ្នាក់ដឹកនាំលោកមេត្តាជួយបញ្ចុះតម្លៃប្រេងតម្លៃថ្នាំកំចាត់សត្វល្អិត និងតម្លៃជីឲ្យបានចុះថ្លៃជាងនេះបន្តិចនោះទាំងរូបគាត់ក៏ដូចជាប្រជាកសិករទាំងអស់ពិតជាទទួលបានចំណូលច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានជីវភាពធូរធារមួយកំរិតថែមទៀត។

ដោយឡែកប្រជាកសិករមួយរូបទៀតឈ្មោះ អៀង សុជា រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ក៏បានឲ្យដឹងផងដែរថា: រូបគាត់ជាប្រជាកសិករប្រកបមុខរបរធ្វើស្រែប្រាំងជាយូរឆ្នាំមក ហើយ។គាត់មានដីស្រែប្រាំងទំហំជាង៣ហិកតា ចំណែកដីស្រែទាំង៣ហិកតានេះប្រសិនបើគាត់ធ្វើដោយយកចិត្តទុកដាក់ក្នុងការថែទាំឲ្យបានដិតដល់ទាំងការបាញ់ថ្នាំកំចាត់សត្វល្អិតទាំងការប្រើជី និងការបូមទឹកបញ្ចូលស្រែ នោះគាត់នឹងទទួលទិន្នផលបានជាង៦តោនក្នុងមួយហិកតា។

គាត់បានបន្តឲ្យដឹងទៀតថា:រាល់ឆ្នាំគាត់ពុំសូវបានយកចិត្តទុកដាក់ ក្នុងការប្រើជី បាញ់ថ្នាំ និងថែទាំឲ្យ បានដឹតដល់នោះទេ ដោយសារ តែខ្វះថវិកាទិញប្រេង ទិញជី នឹងទិញថ្នាំសម្លាប់សត្វល្អិត ដូច្នេះទិន្នផលដែលទទួលបានក្នុង១ហិកតាតែត្រឹម៥តោនតែប៉ុណ្ណោះ។តែក៏អាចបានកង្រៃខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារខ្លះដែរដោយសារតែកាលពីឆ្នាំមុនតម្លៃស្រូវក៏បានថ្លៃគួរសម រីឯឆ្នាំនេះដោយសារស្រូវមានតម្លៃខ្ពស់គឺគាត់ត្រូវតែធ្វើទៅតាមបច្ចេកទេសឲ្យបានត្រឹម ត្រូវដោយប្រើប្រាស់ជី បាញ់ថ្នាំ និងថែទាំឲ្យបានដឹតដល់ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់សម្រាប់លក់យកថវិកាដោះស្រាយតម្រូវការផ្សេងៗក្នុងការទ្រទ្រង់ជីវភាពក្នុងគ្រួសសារ។

យោងតាមរបាយការណ៍ ដែលលោកប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា: តម្លៃស្រូវក្នុងសប្តាហ៍នេះគឺៈស្រូវក្រអូប(ស្ងួត) តម្លៃ១,៥៥០រៀលក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ ចំនួន១៩០រៀល ក្នុងមួយគីឡូក្រាម,ស្រូវចម្រុះ(ស្ងួ ត)ជាមធ្យម១,៣០០ ក្នុងមួយគីឡូក្រាមខ្ពស់ជាងឆ្នាំ ២០២៣ ចំនួន៧០រៀលក្នុងមួយគីឡូក្រាម៕

tnr

Leave a Reply

Your email address will not be published.